Captain of life II

ORDER NOW AT

Genre:

Price KHR: ៛ 28,000

Price USD: $ 7

Release date: Dec 2022

Length: 342 pages

Edition: 2nd

មនុស្សស្ទើរតែគ្រប់គ្នាបានឆ្លងកាត់ពេលវេលាដ៏លំបាកក្នុងដំណាក់កាលណាមួយនៃជីវិត មិនថាជីវិតគ្រួសារ ការសិក្សា ស្នេហា ការងារ មិត្តភាព ហើយបញ្ហាទាំងអស់នេះបានលាតត្រដាងនៅក្នុងសាច់រឿងមួយនេះ។ការពុះពារដើម្បីទៅដល់ក្ដីស្រមៃ ការរៀនទទួលស្គាល់កំហុស និងការផ្ដល់នូវការអភ័យទោស។ ដោយការឆ្លងកាត់នូវបញ្ហា ជីវិតនឹងទទួលបាននូវបទពិសោធ។ ដោយមានកម្លាំងជំរុញចិត្ត យើងនឹងមានថាមពលក្នុងការពុះពារ។ មានការពុះពារអត់ធ្មត់ គោលដៅឆ្ងាយយ៉ាងណាក៏គង់តែអាចទៅដល់។ ដោយសារតែការទទួលស្គាល់កំហុស ទើបយើងមានឱកាសដើម្បីកែប្រែ និងដោយសារតែយើងព្រមអភ័យទោស ទើបជីវិតអាចចាប់ផ្ដើមថ្ងៃថ្មីដោយស្នាមញញឹម។‍‍

BOOK EXCERPT

ជំពូក១៥​ ថ្ងៃពិសេសក្នុងក្ដីស្រមៃ

នៅពេលដែលដៃខ្ញុំទទួលយកសញ្ញាបត្រនោះ អារម្មណ៍ពេលនោះគឺ ពិតជារំភើបរកថាមិនត្រូវ។ ខ្ញុំសម្លឹងទៅថមដែលអង្គុយនៅខាងក្រោយ គាត់បានលើកដៃធ្វើជាសញ្ញាបេះដូងដាក់ខ្ញុំ។ ពេលនេះកម្លាំងចិត្តរបស់ខ្ញុំមិនដឹងមកពីណាទេ ខ្ញុំរំភើបខ្លាំងរហូតដល់ញញឹមបិទមាត់មិនជិត។ បន្ទាប់ពីទទួលសញ្ញាបត្ររបស់ខ្ញុំហើយ ខ្ញុំដើរសំដៅទីយុឈរដែលមានក្បាលមេក្រូ ជាកន្លែងដែលខ្ញុំត្រូវចែករំលែករឿងខ្លះជាមួយសិស្សនិស្សិតជាច្រើននាក់ផ្សេងទៀតដែលមានវត្តមាននៅទីនេះ ប៉ុន្ដែមុននឹងចាប់ផ្ដើមនិយាយខ្ញុំក៏សម្លឹងទៅថមម្ដងទៀត គាត់ក៏ញញឹមដាក់ខ្ញុំដោយសេចក្ដីស្រឡាញ់។ ពេលនោះខ្ញុំឃើញគ្រីស្ទី និងសូធីហា ក៏បានលើកដៃជាសញ្ញាផ្ដល់កម្លាំងចិត្តដល់ខ្ញុំដែរ ខ្ញុំមើលទៅមហាជន ហើយញញឹមបន្ដិចមុនពេលខ្ញុំចាប់ផ្ដើមចែករំលែក៖ សួស្ដីអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះ!

ខ្ញុំពិតជាមានកិត្តិយសណាស់ដែលមានឱកាសបានឈរនៅទីនេះ ក្នុងពេលវេលានេះ នៅចំពោះមុខកែវភ្នែករាប់ពាន់ដែលសម្លឹងមករកខ្ញុំ។ សម្រាប់ខ្ញុំពេលវេលានេះគឺ ជាពេលវេលាដ៏អស្ចារ្យមួយដែលវាគ្រាន់តែជាក្ដីស្រមៃដេលស្ទើរតែគ្មានអ្នកជឿថាវាអាចកើតឡើងចំពោះខ្ញុំក្នុងពេលនេះ ប៉ុន្ដែខ្ញុំជឿខ្លាំងបំផុតលើភាពអត់ធ្មត់របស់ខ្ញុំ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំចង់និយាយពាក្យអរគុណ គឺអរគុណសម្រាប់អ្វីៗគ្រប់យ៉ាងនៅទីនេះ ហើយអរគុណពីចម្ងាយទៅដល់គ្រួសាររបស់ខ្ញុំដែលនៅសែនឆ្ងាយពីទីនេះ។ មានរឿងច្រើនណាស់ដែលអ្នកទាំងអស់គ្នាមិនដឹងពីជីវិតរបស់ខ្ញុំ។ ខ្ញុំតែងតែជាក្មេងដែលចូលចិត្តស្រមៃខ្ពស់ ទោះបីខ្ញុំមកពីទីជនបទដាច់ស្រយាលនៃប្រទេសកម្ពុជាក៏ដោយ។ ខ្ញុំធ្លាប់ជាក្មេងដែលទទួលរងអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្តរហូតដល់ខ្ញុំមានអាយុជាង១០ឆ្នាំ។ ខ្ញុំត្រូវរត់ចាកចេញពីស្រុកជាមួយម្ដាយ និងបងប្រុសទាំងពីរនាក់របស់ខ្ញុំ ដើម្បីមករស់នៅភ្នំពេញ ហើយពួកយើងចាប់ផ្ដើមកសាងជីវិតថ្មីនៅទីនោះដោយបាតដៃទទេរបស់យើង។ ចំណែកឯការរៀនសូត្រវិញ ក៏ខ្ញុំត្រូវតស៊ូជម្នះឧបសគ្គជាច្រើនទម្រាំខ្ញុំមានថ្ងៃនេះ។ខ្ញុំបានប្រឡងអាហារូបករណ៍ចំនួន១៩ដង ហើយខ្ញុំបានប្រឡងធ្លាក់រហូតដល់១៨ដង ប៉ុន្ដែភ័ព្វព្រេងរបស់ខ្ញុំមកដល់ ការប្រឡងលើកទី១៩ គឺខ្ញុំបានដាក់មកមហាវិទ្យាល័យYale ហើយខ្ញុំក៏បានទទួលអាហារូបករណ៍ថ្នាក់អនុបណ្ឌិតរយៈពេល២ឆ្នាំនៅទីនេះ។ ត្រង់នេះខ្ញុំមានឃ្លាមួយដែលខ្ញុំបានកត់ត្រាទុក “បើយើងបោះបង់ចោលការបរាជ័យលើកទី១០០នោះយើងក៏នឹងមិនអាចស្គាល់ថាអ្វីទៅជាជោគជ័យលើកទី១របស់យើងឡើយ!”នៅពេលដែលខ្ញុំនិយាយដល់ចំនុចនេះសមលេងទះដៃក៏បានលាន់ឮរំពងពីចំណោមមហាជនជាច្រើននាក់។ ខ្ញុំងក់ក្បាលជាសញ្ញាទទួលនៃការអបអរ រួចនិយាយបន្ដ៖ខ្ញុំត្រូវបានគេរើសអើងដោយសារតែខ្ញុំជាកូនអ្នកក្រ ហើយវីរៈនារីនៃជីវិតរបស់ខ្ញុំគឺម៉ែ។ (នៅពេលដែលខ្ញុំនិយាយពាក្យថា “ម៉ែ” ទឹកភ្នែកខ្ញុំក៏ហូរចុះមកដោយមិនដឹងខ្លួន ខ្ញុំព្យាយាមសម្រួលអារម្មណ៍ហើយនិយាយបន្តទៀត) ប៉ុន្ដែព្យុះភ្លៀងនៃជីវិតរបស់ខ្ញុំក៏បានស្ងប់ស្ងាត់ទៅវិញមុនពេលដែលខ្ញុំចាកចេញពីប្រទេសកម្ពុជាកាល២ឆ្នាំមុន។ ការមិននិយាយបើកទូលាយជាមួយសមាជិកគ្រួសារបានធ្វើឱ្យយើងរស់បែកបាក់គ្នាអស់រយៈពេលជាច្រើនឆ្នាំ។ពេលនេះពុកខ្ញុំបានកែខ្លួន ហើយក្លាយជាបុរសដ៏ល្អសម្រាប់គ្រួសារ។ខ្ញុំពិតជាមានអំណរគុណចំពោះឱកាសដែលខ្ញុំទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅមហាវិទ្យាល័យYale។ ខ្ញុំសូមអរគុណទៅដល់លោកគ្រូអ្នកគ្រូ មិត្តភក្ដិទាំងអស់ដែលបានធ្វើឱ្យការសិក្សា ក៏ដូចជាការរស់នៅទីនេះរយៈពេលពីរឆ្នាំដែលធ្វើឱ្យខ្ញុំមានអនុស្សាវរីយ៍ល្អៗជាច្រើន ដែលខ្ញុំមិនអាចបំភ្លេចបាន។ ខ្ញុំក៏សូមអរគុណបុរសម្នាក់ដែលជាមិត្តប្រុសរបស់ខ្ញុំ។ ថមតែងតែជាអ្នកផ្ដល់កម្លាងចិត្ត និងគាំទ្រ ហើយតែងតែប្រាប់ខ្ញុំថា “ខ្ញុំអាចធ្វើបានរាល់ការងារទាំងអស់ដែលខ្ញុំប្រាថ្នា!” ជីវិតខ្ញុំបានផ្លាស់ប្ដូរនៅពេលដែលខ្ញុំបានមករៀននៅទីនេះ ហើយខ្ញុំនឹងមិនអាចបំភ្លេចបទពិសោធ និងមនុស្សល្អៗដែលខ្ញុំបានជួបនៅទីនេះបានទេ។ជាចុងក្រោយនេះ ខ្ញុំសូមសន្យាថានឹងយកចំណេះដឹងដែលខ្ញុំបានទទួលនៅទីនេះ ដើម្បីទៅជួយអភិវឌ្ឍន៍ប្រទេសរបស់ខ្ញុំ! ហើយខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នាសម្រេចបានជោគជ័យនូវភារៈកិច្ចអ្វីៗដែលអ្នកធ្វើ។អរគុណ!‍