Captain of life

captain of life I

ORDER NOW AT

Genre:

Price KHR: ៛ 28,000

Price USD: $ 7

Release date: 2019

Length: 225 pages

Edition: 1st

នេះគឺជាដំណើរជីវិតរបស់ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីជាច្រើនផ្សេងទៀតដែលចាប់កំណើតឡើងនៅទីជនបទ។ នាងចេះមានក្តីស្រមៃតាំងពីតូច ហើយក្ដីស្រមៃនោះបានជំរុញឱ្យនាងខិតខំតតាំងនឹងភាពលំបាកក្នុងជីវិត។ ពេលវេលានៃកុមារភាពរបស់នាងក្លាយជាពេលវេលាដែលត្រូវតតាំងប្រឹងរស់ដូចមនុស្សធំពេញវ័យ វាខុសពីក្មេងដទៃផ្សេងទៀតជាច្រើនដែលអាចស្គាល់ពីរសជាតិជីវិតដ៏កក់ក្ដៅក្នុងរង្វង់ដៃថ្នាក់ថ្នមពីឪពុកម្ដាយ។ សភាពជីវិតដែលត្រូវទទួលមើលងាយមើលថោក ការរើសអើង ភាពភ័យខ្លាច អំពើហិង្សា សម្ពាធផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ភាពជូរចត់ក្នុងជីវិតឯកជន និងបរាជ័យក្នុងរឿងស្នេហា។ នាងធំធាត់ឡើងជាមួយប្រយោគសំណួរមួយឃ្លា “តើខ្ញុំខុសអ្វីដោយគ្រាន់តែកើតមកជាកូនស្រី?” ប៉ុន្តែដូចដែលមនុស្សជាច្រើនក៏បានដឹង និងទទួលស្គាល់រួចមកហើយ។ គ្រប់រសជាតិនៃជីវិតដែលឆ្លងកាត់កន្លងមក វានឹងក្លាយទៅជាសោភ័ណរបស់ជីវិត។ គ្រប់គ្នាអាចជួបការលំបាកលើរឿងផ្សេងៗពីគ្នា ហើយបទពិសោធន៍ជីវិតរបស់មនុស្សម្នាក់ៗក៏ជួយគូសឆ្លាក់ជីវិតគេក្នុងពេលបច្ចុប្បន្នឱ្យមានភាពខុសគ្នាជាច្រើន។ មេឃខ្មៅងងឹតនឹងមានពេលមួយត្រឡប់មកជាភ្លឺឡើងវិញ។ ព្យុះភ្លៀងខ្លាំងយ៉ាងណាក៏គង់តែកន្លងហួសទៅដោយពេលវេលា។ ទីបំផុតគ្មាននរណាដែលធ្វើជាកាពីតែននៃជីវិតឱ្យយើងទេគឺមានតែយើងខ្លួនឯងហ្នឹង!‍‍

BOOK EXCERPT

ជំពូក៤ ក្ដីស្រមៃដែលមិនគួរឱ្យទៅរួច

កន្លែងដែលធ្វើឱ្យខ្ញុំមានសេចក្ដីសុខនោះ គឺទូសៀវភៅចាស់មួយដែលនៅលើផ្ទះរបស់ខ្ញុំ។ សៀវភៅនៅទីនោះគឺជាសៀវភៅរបស់ពូខាងម៉ែខ្ញុំ ដែលគាត់បាមផ្លាស់ទៅនៅខេត្តបាត់ដំបងបាត់ កាលពី៣ឆ្នាំមុន។ វាជាកន្លែងដេលធ្វើឱ្យខ្ញុំមានសន្ដិភាពផ្លូវចិត្ត ហើយធ្វើឱ្យខ្ញុំភ្លេចអស់រឿងរ៉ាវជីវិតទាំងឡាយ។ ខ្ញុំចូលចិត្តរើសៀវភៅចាស់ៗទាំងនោះយកមកអាន។ សៀវភៅជាមិត្តដែលបានដឹកដៃខ្ញុំធ្វើដំណើរទៅកាន់កន្លែងផ្សេងៗជាច្រើន ដែលខ្ញុំមិនធ្លាប់បានទៅដល់។ ខ្ញុំបានធ្វើដំណើរជាមួយសៀវភៅរាប់សិបក្បាលទៅជួបនឹងអ្នកប្រាជ្ញ តួអង្គក្លាហានក្នុងរឿងនិទាន បានទៅឈរលើកំពូលភ្នំមើលទេសភាពដ៏ត្រកាលនៃសកន្លែងទីកន្លែងដ៏អស្ចារ្យ ហើយទាំងអស់នេះវាជាបទនិពន្ធដែលទាញអារម្មណ៍ខ្ញុំឱ្យស្លុងចូលទៅក្នុងពិភពមួយដ៏ចម្លែក។

វាធ្វើឱ្យខ្ញុំញញឹម ហើយភ្លេចអស់នូវភាពសោកសៅនៃជីវិតពិតជាក់ស្ដែងបានមួយខណៈ។ ខ្ញុំនៅចាំបានថាកាលនោះ ខ្ញុំបានរើប៉ះចមសៀវភៅកញ្ចាស់មួយក្បាលដែលកប់ជ្រៅ នៅក្នុងគំនរសៀវភៅជាច្រើនរបស់ពូខ្ញុំ។ ខ្ញុំបានទាញវាថ្នមៗយកមកអាន ហើយវាពិតជាសៀវភៅមួយដែលបាននាំខ្ញុំទៅរក កោះមួយឈ្មោះកោះបាលី។ ទិដ្ឋភាពដែលអ្នកនិពន្ធបានរៀបរាប់ វាបានអន្ទងយកដួងព្រលឹងរបស់ខ្ញុំ ឱ្យអណ្ដែតនៅក្នុងក្ដីស្រមៃដ៏ធំធេង។ សៀវភៅដែលនិយាយពីដំណើរផ្សងព្រេងរបស់ក្មេងស្រីជនជាតិកម្ពុជាម្នាក់ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ គាត់បានធ្វើដំណើរចេញពីទីក្រុងចាកាតា និងបានទៅដល់កោះបាលីតែម្នាក់ឯង។ គាត់ប្រាប់ថាទីនោះជាកន្លែងដែលគាត់ធ្លាប់មានក្ដីស្រមៃចង់ទៅ ហើយធ្លាប់ស្រមៃឃើញរូបភាពបែបនោះ ទោះជាមិនធ្លាប់បានឃើញផ្ទាល់សូម្បីម្ដង។  ដំណើរផ្សងព្រេងមួយនោះបានផ្ដល់បទពិសោធជីវិតឱ្យគាត់យ៉ាងច្រើនសម្បើម។ វាបានធ្វើឱ្យខ្ញុំរំភើបរហូតដល់ញញឹមម្នាក់ឯង នៅពេលដែលគាត់រៀបរាប់អំពីសម្រស់ដ៏ស្រស់ត្រកាលនៃធម្មជាតិភ្នំ បឹង ព្រៃ សមុទ្រដែលគាត់ឆ្លងកាត់។ ខ្ញុំរំភើបនៅពេលដែលគាត់បានទៅដល់ភ្នំភ្លើងប្រូម៉ូ ហើយបានឃើញរូបថតរបស់គាត់ ដែលឈរមើលថ្ងៃរះនៅពីលើកំពូលភ្នំ មើលផ្សែងដែលចេញពីបន្ទុះភ្នំភ្លើង ហើយអណ្ដែតដូចដុំពពក។ នៅក្នុងសៀវភៅនោះ មានឃ្លាមួយដែលធ្វើឱ្យខ្ញុំចងចាំ “ខ្ញុំបានស្វែងរកខ្លួនឯងឃើញនៅពេលដែលខ្ញុំបានចាកចេញពីរង្វង់ដ៏សុខស្រួលរបស់ខ្ញុំ។ ខ្ញុំបានរកឃើញខ្លួនឯងតាមរយៈដំណើរផ្សងព្រេង”។‍