Nisay

ORDER NOW

Genre:

Price KHR: 32,000

Price USD: $ 8

Release date: Dec 2021

Length: 298 pages

Edition: 1st

និស្ស័យជាក្មេងស្រីម្នាក់ដែលមិនបានទទួលភាពកក់ក្តៅពីម្តាយតាំងពីកើតមក ហើយត្រូវរស់ក្នុងនាមជាក្មេងកំព្រាតាំងពីតូច។ តើនេះជានិស្ស័យមែនទេ ដែលតម្រូវឱ្យនាងត្រូវរស់រងទុក្ខលំបាក ត្រូវគេមាក់ងាយ និងទទួលការបៀតបៀនពីអ្នកដទៃមិនចេះចប់?ទោះបីជីវិតនាងជួបការលំបាកយ៉ាងណា ក៏នាងនៅតែបន្តរស់ដោយក្តីសង្ឃឹមជានិច្ច។ ការបាត់បង់មនុស្ស ជាទីស្រឡាញ់ ការបាត់បង់ការស្រឡាញ់ពីមនុស្សដែលសំខាន់ក្នុងជីវិត បានធ្វើឱ្យនាងរៀនរស់ដោយត្រូវតែពឹងលើខ្លួនឯង។តាមរយៈការបាត់បង់ដ៏ច្រើននៅក្នុងជីវិត ក៏បានឱ្យនាងរៀនរស់ជាមួយនឹងការអភ័យទោស ហើយព្យាយាមរស់ឱ្យបានល្អបំផុត សម្រាប់ជីវិតដែលនៅសល់។

BOOK EXCERPT

វគ្គ៦ មិននឹកស្មានដល់

ថ្ងៃមួយដោយអស់គ្រឿងទេស និងរបស់ក្នុងផ្ទះបាយមួយចំនួន ហើយខាងអ្នកផ្គត់ផ្គង់របស់យើងក៏ត្រូវដាច់ស្តុក មីងចន្ធីក៏ឱ្យខ្ញុំទៅផ្សារអូរឫស្សី ដើម្បីទិញអីវ៉ាន់មកប្រើប្រាស់ ទម្រាំយើងអាចកុម្ម៉ង់ ពីខាងអ្នកផ្គត់ផ្គង់របស់យើងវិញ។ ខ្ញុំក៏បានដើរទិញទំនិញ ទៅតាមមុខបញ្ជីដែលគាត់បានឱ្យមកខ្ញុំ។ នៅពេលដែលទិញសព្វគ្រប់អស់ហើយ ខ្ញុំក៏យួរអីវ៉ាន់ ដ៏សំពីងសំពោងទាំងនោះ ដើរកាត់តាមជាន់ផ្ទាល់ដី ពីព្រោះមីងចុងភៅផ្តាំឱ្យទិញបង្គាក្រៀម១គីឡូក្រាមផង។ ដោយសារតែខ្ញុំត្រូវយួរអីវ៉ាន់ដ៏ច្រើន ខ្ញុំក៏ដើរបុកនឹងក្មេងស្រីម្នាក់ដែលកំពុងឈរលក់អីវ៉ាន់នៅតូបជាន់ផ្ទាល់ដី។

ភ្លាមនោះនាងក៏ត្រូវដួលអុកគូទញ៉ាច់។ ចំណែកឯខ្ញុំវិញក៏ត្រូវដួលដែរ ហើយអីវ៉ាន់ក៏ធ្លាក់រាយប៉ាយពេញដី។ ភ្លាមៗផងដែរក្មេងស្រីម្នាក់នោះ បានងើបឡើងហើយឈរច្រត់ចង្កេះស្តីឱ្យខ្ញុំញ៉ែតៗ៖ - នែ! ដើរយ៉ាងម៉េចនឹង មិនឃើញមនុស្សកំពុងឈរទាំងរស់ទេហ្អី?ខ្ញុំក៏បានប្រវេប្រវារើសអីវ៉ាន់បណ្តើរ សុំទោសនាងបណ្តើរ។ ខ្ញុំដឹងថាខ្ញុំខុស ពីព្រោះខ្ញុំជាអ្នកដើរបុកនាងពិតមែន។ ប៉ុន្តែខ្ញុំមើលផ្លូវស្ទើរតែមិនឃើញ ដ្បិតខ្ញុំត្រូវយួរអីវ៉ាន់សំពីងសំពោងដើរលើផ្លូវដ៏តូចចង្អៀត ក្នុងផ្សារដែលគ្មានពន្លឺចាំងចូលនេះ។ ខ្ញុំក៏ខំរើសអីវ៉ាន់បណ្តើរ និយាយទៅកាន់នាងវិញបណ្តើរ៖- ខ្ញុំសូមទោសផងដែលដើរមិនបានប្រយ័ត្ន!  ពេលដែលនាងបានឮពាក្យ “សុំទោស” របស់ខ្ញុំរួចហើយ នាងក៏រំសាយកំហឹងខ្លះ ហើយនាងក៏ឱនមកជួយរើសអីវ៉ាន់ដែលធ្លាក់លើដី។ ដោយសារតែខ្ញុំពាក់មួក និងពាក់ម៉ាស់ជិត នាងមិនបានដឹងថា ខ្ញុំមានមុខមាត់បែបណាទេ។ ប៉ុន្តែគ្រាន់តែឃើញមុខនាងចំភ្លាម ខ្ញុំពិតជារំភើបរកថាមិនត្រូវ។ ខ្ញុំស្រែកហៅឈ្មោះនាងទាំងក្តីរំភើប លាយឡំទៅដោយទឹកថ្លាៗ ដក់ក្នុងកែវភ្នែកទាំងគូរបស់ខ្ញុំ។ ខ្ញុំក៏បានស្រែកសួរទៅនាង៖- ឈូក! នេះពិតជាឯងមែនទេ?ខ្ញុំរំភើបចិត្តខ្លាំងណាស់ ពីព្រោះខ្ញុំមិនដែលគិតថា ពួកយើងនឹងអាចជួបគ្នាម្តងទៀតទេ។ មិត្តសម្លាញ់តែម្នាក់ដែលខ្ញុំមាន តាំងពីតូចមក។ ឈូកតែងតែនៅខាងខ្ញុំរហូត។ គ្រាន់តែឃើញមុខឈូកចំភ្លាម រូបភាពកាលពីអតីតក៏បានផុសក្នុងខួរក្បាលខ្ញុំ។ ពេលឈូករត់ដេញតាមក្រោយឡានយំរហាមនៃថ្ងៃចុងក្រោយដែលយើងបែកគ្នា, ពួកយើងរត់ដេញគប់ពួកក្រុមអាបឿកធ្លាក់ទឹកប្រឡាយ, ទៅមើលទូរទស្សន៍នៅផ្ទះយាយណាក់, ស្ទូចត្រីនៅស្រះឈូក….និងអនុស្សាវរីយជាច្រើនទៀតបានបញ្ចាំងឡើងនៅក្នុងខួរក្បាលខ្ញុំ ហាក់ដូចជាភាពយន្តកំពុងចាក់បញ្ចាំង នៅក្នុងរោងកុនអ៊ីចឹង។ ចំណែកនាងវិញក៏ភ្ញាក់ផ្អើលមិនចាញ់ខ្ញុំដែរ ពីព្រោះមិននឹកស្មានថា ពួកយើងអាចជួបគ្នាវិញនោះទេ។ឈូកក៏បានហក់មកឱបខ្ញុំយ៉ាងណែន ដោយសេចក្តីនឹករឭក។ ឱបខ្ញុំបណ្ដើរ នាងនិយាយតិចៗ ក្បែរត្រចៀកខ្ញុំបណ្តើរ៖- តើគ្នាកំពុងយល់សប្តិមែនទេ? យើងបានជួបគ្នាម្តងទៀត? និស្ស័យនេះពិតជាឯងមែនទេ?ខ្ញុំក៏តបទៅនាងវិញទាំងក្ដីរំភើប៖- ឯងមិនយល់សប្ដិទេ! គ្នាប្រាប់ឯងហើយទេតើ ថាបើមាននិស្ស័យ យើងនឹងជួបគ្នាវិញមិនខាន!‍