Not give up

not give up

ORDER NOW

Genre:

Price KHR: 32,000

Price USD: $ 8

Release date: Dec 2020

Length: 279 pages

Edition: 1st

“បើការតាំងចិត្តនៅតែមាន ហើយព្យាយាមឱ្យដល់ទីបំផុត ខ្ញុំជឿថាថ្ងៃណាមួយខ្ញុំនឹងអាចធ្វើបាន!”ជីវិតតែងតែផ្ដល់ឱ្យយើងនូវមេរៀនដ៏ល្វីងជូរចត់រាប់មិនអស់ ឱ្យតែមានការតស៊ូថ្ងៃណាមួយ យើងប្រាកដជាទទួលបានលទ្ធផលល្អជាពុំខាន។យើងត្រូវសម្លឹងឱ្យលើសពីថ្ងៃនេះ ទោះបីជាបច្ចុប្បន្នយើងចួបស្ថាន ភាពយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ យើងអាចបាត់បង់ឱកាសល្អៗ ជាច្រើននៅក្នុងជីវិត មានការខកបំណងរាប់មិនអស់ ឬបាត់បងមនុស្សជាទីស្រឡាញ់នៅក្នុងជីវិត... ប៉ុន្តែយើងមិនត្រូវបោះបង់ខ្លួនឯង បោះបង់ក្ដីសង្ឃឹមនិងការតាំងចិត្តសម្រាប់ជីវិតចោលឡើយ។ យើងគួរតែចេះបង្កើតជម្រើសឱ្យខ្លួនឯង ហើយមិនត្រូវរស់ជាមនុស្សទាល់ច្រកដាច់ខាត។

BOOK EXCERPT

ជំពូក១៤៖ ប៊ូទីកផ្ទះបុរាណ

បងស្រីឧស្សាហ៍ក៏ដើរចេញពីកៅអីគាត់ ហើយយកដៃមកដាក់លើស្មាខ្ញុំរួចនិយាយ៖

- ឈូកដឹងទេ! ជីវិតខ្ញុំកាលពីក្មេងក៏មិនសូវស្រួលដែរ! ពេលខ្លះខ្ញុំមានអារម្មណ៍ថាជីវិតឈូក និងជីវិតខ្ញុំកាលពីមុនគឺស្រដៀងគ្នា! ប៉ុន្តែតើឈូកដឹងទេថា ពេលដែលខ្ញុំចួបបញ្ហាលំបាកបំផុត តើខ្ញុំមានអ្វីដើម្បីបំពេរភាពសោកសៅ និងភាពលំបាកដែលជីវិតផ្តល់ឱ្យ? វាគឺជា"ក្តីសុបិន"! ក្តីសុបិនដែលគ្មានដែនកំណត់ បាននាំខ្ញុំឱ្យស្រមើស្រមៃទៅរកជីវិតដ៏ប្រសើរ អាចធ្វើរឿងដែលខ្លួនចង់ធ្វើ! ហើយខ្ញុំក៏ចង់ប្រាប់ឈូកថា កុំខ្វល់ថា នរណាគេសើចចំអក ឬមាក់ងាយឈូក សំខាន់ឈូកក្លាហានគ្រប់គ្រាន់អាចពុះពារ និងជម្នះរាល់ឧបសគ្គដើម្បីក្តីស្រមៃខ្លួនឯងឬអត់! បើគ្រាន់តែស្រមៃ វាមិនអស់ប្រាក់ឯណា ហើយបើការខិតខំធ្វើគ្រប់បែបយ៉ាងដើម្បីឱ្យវាក្លាយជាការពិត វាកាន់តែប្រសើរ! ត្រូវទេ?

ខ្ញុំញញឹមស្ញេញបិទមាត់មិនជិត រួចតបគាត់វិញ៖

- ខ្ញុំពិតជាអរគុណខ្លាំងណាស់ សម្រាប់ការលើកទឹកចិត្ត និងដំបូន្មានល្អៗរបស់បងកន្លងមក!

បងឧស្សាហ៍ក៏ដើរចូលទៅអង្គុយនៅតុគាត់វិញ រួចសួរបញ្ជាក់៖

- តើឈូកពិតចង់រៀនពីរបៀបគ្រប់គ្រងអាជីវកម្ម និងរៀនពីបដិសណ្ឋារកិច្ចមែនឬទេ?

ខ្ញុំងក់ក្បាលដូចច្រាំងទិច៖

- ចាសៗៗ បងស្រី! ចាស បងស្រី! ខ្ញុំពិតជាចង់ណាស់! ប៉ុន្តែខ្ញុំមិនដឹងចាប់ផ្តើមពីណាទៅណាទេ! ម្យ៉ាងទៀត តើគេនឹងសើចចំអកខ្ញុំទេ បើខ្ញុំជាក្មេងមានការអប់រំត្រឹមថ្នាក់ទី៧ហ្នឹង?

បងឧស្សាហ៍តបខ្ញុំវិញ៖

-បើឈូកបានអានសៀវភៅមួយចំនួនដែលសរសេរពីមហាសេដ្ឋី និងមនុស្សជោគជ័យ នៅលោកខាងលិចមានសេដ្ឋីជាច្រើន ដែលមិនទទួលបានការអប់រំខ្ពស់ឡើយ ប៉ុន្តែពួកគេមានការតាំងចិត្តខ្ពស់ ហើយហ៊ានធ្វើនូវអ្វីដែលគេស្រមៃចង់បាន! ខ្ញុំគិតថាឈូកក៏អាចសម្រេចបានដូចគ្នា!

ខ្ញុំញញឹមប្រកបដោយទំនុកចិត្ត រួចតបគាត់វិញ៖

- ខ្ញុំសូមអរគុណបងស្រីម្តងទៀត សម្រាប់ការយកចិត្តទុកដាក់មកលើខ្ញុំ! បងវិជ័យប្រាប់ថាគាត់ចង់បើករបររកស៊ីជាមួយខ្ញុំនៅថ្ងៃអនាគត ពេលដឹងថាបងស្រីមានបំណងចង់បណ្ដុះបណ្តាលខ្ញុំបែបនេះគឺពិតជាធ្វើឱ្យខ្ញុំសប្បាយចិត្តណាស់!

បងឧស្សាហ៍ជ្រួញចិញ្ចើមបន្តិច របៀបឆ្ងល់ រួចសួរបញ្ជាក់៖

-ឈូក និងវិជ័យបានរៀបគម្រោងអនាគតជាមួយគ្នាបាត់ហើយមែនទេ?

ខ្ញុំញញឹមអឹមអៀន ដាក់បងឧស្សាហ៍រួចតប៖

- ចាសបងស្រី! គាត់មានគម្រោងច្បាស់លាស់ហើយជាមួយខ្ញុំ! ពួកយើងស្រឡាញ់គ្នាបានជាង១ឆ្នាំហើយ!

បងឧស្សាហ៍មើលទៅរូបថតគាត់ និងបងសកលដែលថតកាលពីនៅរៀនមហាវិទ្យាល័យជាមួយគ្នា ដែលព្យួរនៅលើជញ្ជាំង បន្ទាប់មកគាត់ក៏មើលមុខខ្ញុំរួចនិយាយ៖

- បងចង់ឱ្យដំបូន្មានខ្លះៗទៅឈូកក្នុងនាមជាបងស្រីម្នាក់! ពេលខ្លះបើយើងស្រឡាញ់នរណាម្នាក់ ចូរទុកចំណែកនៃក្តីស្រឡាញ់ខ្លះសម្រាប់ខ្លួនឯង ទោះបីគេជាមនុស្សដែលយើងស្រឡាញ់ខ្លាំងប៉ុនណាក៏ដោយ ជាពិសេសស្នេហ៍គ្រាដំបូងនេះឯង! បងមិនមែននិយាយចង់បំបែកបំបាក់អ្នកទាំងពីរទេ ប៉ុន្តែបងគ្រាន់តែចង់ឱ្យឈូកចេះត្រៀមចិត្ត និងចេះស្រឡាញ់ខ្លួនឯងឱ្យបានច្រើនបន្តិច! រឿងរ៉ាវក្នុងជីវិតគឺមិនសុទ្ធតែសមបំណងរហូតទេ ដូច្នេះហើយយើងត្រូវតែចេះត្រៀមចិត្តជានិច្ច! ដឹងទេ?

ខ្ញុំហាក់ដូចជាមិនសូវយល់ន័យដែលបងឧស្សាហ៍ចង់និយាយទេ ប៉ុន្តែរាល់អ្វីដែលគាត់និយាយសុទ្ធតែមានហេតុមានផលទាំងអស់។ ខ្ញុំក៏តបទៅគាត់វិញ ដោយញញឹមមិនសូវសម៖

- អរគុណបងស្រីសម្រាប់ការដាស់តឿន និងដំបូន្មានល្អៗ! ខ្ញុំនឹងចងចាំ!